
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ ឆ្នាំទី៣ អាណត្តិទី៤ នៅសាលប្រជុំសែនមនោរម្យ នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ខៀវ ប៊ុនលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្ត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី នាយិការដ្ឋបាលសាលាខេត្ត, តំណាងនាយកទីចាត់ការរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប់អាវុធ, លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ព្រមទាំងសមាជិក គ.ក.ស.ក មកពីក្រុង-ស្រុកទាំង៥ ក្នុងខេត្តមណ្ឌលគិរី។











